BreastScreen SA acknowledges the Traditional Custodians of Country throughout South Australia, and their continuing connection to land, waters and community. We pay our respect to all First Nations peoples, their cultures and to their Elders, past and present.

Skip to main content
Results
Your breast screen results are usually posted to you within 14 days. Please call us if you haven't received them within 28 days.
Call 13 20 50

តើ BreastScreen SA ជានរណា?

BreastScreen SA ផ្ដល់ជូននូវការថតពិនិត្យដោះដោយឥតគិតថ្លៃ (ការថតពិនិត្យដោះដោយប្រើកាំរស្មីអិក្ស) រៀងរាល់ពីរឆ្នាំម្ដង ជាចម្បងសម្រាប់គឺស្ត្រីអាយុ៥០ ដល់៧៤ឆ្នាំ។

ការថតពិនិត្យដោះអាចរកឃើញជំងឺមហារីកដោះនៅដំណាក់កាលដំបូង ជាញឹកញាប់នៅមុនពេលគេអាចស្ទាបដឹងថាមានរោគសញ្ញា។ ការរកឃើញជំងឺមហារីកដោះកាន់តែឆាប់ ការព្យាបាលក៏កាន់តែងាយស្រួលដែរ។

BreastScreen SA គឺជាស្ថាប័នប្រចាំរដ្ឋអូស្ត្រាលី​ខាងត្បូងដែល​មានការទទួលស្គាល់ជាផ្លូវការរបស់ BreastScreen Australia ដែលជាកម្មវិធីថ្នាក់ជាតិថតពិនិត្យជំងឺមហារីកដោះចំពោះស្ត្រីដែលពុំមានរោគសញ្ញាជំងឺមហារីក ហើយបានផ្ដល់សេវាកម្មនេះចាប់តាំងពីឆ្នាំ១៩៨៩ មកម៉្លេះ។

ការថតពិនិត្យដោះគឺធ្វើជូនដោយឥតគិតថ្លៃឡើយ ហើយអ្នកមិនចាំបាច់មានការបញ្ជូនពីវេជ្ជបណ្ឌិតដើម្បីធ្វើការណាត់នោះទេ។

តើអ្នកដឹងអំពីការថតពិនិត្យរកជំងឺមហារីកដោះដោយឥតគិតថ្លៃទេ?

តើការថតពិនិត្យដោះជាអ្វី?

ការថតពិនិត្យដោះ គឺជាការថតដោះដោយប្រើកាំរស្មីអិក្ស (ការថតពិនិត្យដោះដោយប្រើកាំរស្មីអិក្សក្នុងកម្រិតទាប) សម្រាប់ស្ត្រីដែលពុំមានរោគសញ្ញានៅដោះដូចជាមានដុំពក ការហូរចេញទឹករំអិលពីក្បាលដោះ ឬក៏មានការប្រែប្រួលនៅក្នុងដោះដែលមិនធម្មតា។

ការថតពិនិត្យដោះដោយប្រើកាំរស្មីអិក្ស ទាក់ទិននឹងការថតយករូបភាពយ៉ាងតិចពីរសម្រាប់ដោះនីមួយៗ - មួយគឺថតពីផ្នែកខាងលើដោះ និងមួយទៀតពីចំហៀងដោះ។ បច្ចុប្បន្ននេះ ការធ្វើតេស្តថតពិនិត្យ​គឺជាវិធី​ដ៏មានប្រសិទ្ធិភាពបំផុតដើម្បីរកមើលជំងឺមហារីកដោះដែលមិនអាចអង្កេតរកឃើញ។

ប្រសិនបើស្ត្រីណាម្នាក់មានរោគសញ្ញានៅដោះ នាងចាំបាច់ត្រូវការធ្វើរោគវិនិច្ឆ័យដោយការថតពិនិត្យដោះប្រើកាំរស្មីអិក្ស។ ការធ្វើរោគវិនិច្ឆ័យដោយប្រើកាំរស្មី​អិក្សថតពិនិត្យដោះ តម្រូវឱ្យមានការថតរូបភាពដោះជាលម្អិត ដើម្បីឱ្យវេជ្ជបណ្ឌិតអាចវាយតម្លៃរោគសញ្ញា។ ជំងឺមហារីកខ្លះមិនបង្ហាញឱ្យឃើញលើរូបភាពដែលថតពិនិត្យដោះដោយប្រើកាំរស្មីអិក្សនោះទេ ដូច្នេះការធ្វើតេស្តលម្អិតផ្សេងទៀតប្រហែលជាត្រូវធ្វើ​ដោយចាំបាច់។

នេះហើយជាមូលហេតុដែលការថតពិនិត្យដោះគឺសមប្រកប សម្រាប់តែស្ត្រីដែលពុំមានរោគសញ្ញានៅដោះប៉ុណ្ណោះ។

តើអ្នកណាខ្លះអាចទទួលការថតពិនិត្យដោះ?

BreastScreen SA អញ្ជើញស្ត្រីដែលមានអាយុពី៥០ ទៅ៧៤ឆ្នាំ ឱ្យថតពិនិត្យដោះរៀងរាល់២ឆ្នាំម្ដង។ ភស្ដុតាងបង្ហាញថា ការថតពិនិត្យជាប្រចាំ មានប្រសិទ្ធភាពបំផុតសម្រាប់ក្រុមអាយុនេះ។

ស្ត្រីដែលមានអាយុពី៤០ ទៅ៤៩ឆ្នាំ និងលើសពី៧៥ឆ្នាំទៅ ក៏អាចធ្វើការណាត់សម្រាប់ការថតពិនិត្យដោះដោយឥតគិតថ្លៃបានដែរ ក៏ប៉ុន្តែត្រូវបានលើកទឹកចិត្តយ៉ាងខ្លាំងឱ្យពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់ពួកគេ នៅពេលធ្វើការសម្រេចថាតើការថតពិនិត្យដោះសមស្របសម្រាប់ពួកគេឬក៏អត់។

ការថតពិនិត្យដោះ មិនមែនជាការធ្វើតេស្តថតពិនិត្យប្រកបដោយប្រសិទ្ធិភាពទេចំពោះស្ត្រីដែលមានអាយុក្រោម៤០ឆ្នាំ។ ទោះជាជំងឺមហារីកដោះអាចកើតមានដល់មនុស្សគ្រប់វ័យ ក៏ជំងឺនេះមិនសូវកើតមានចំពោះស្ត្រីដែលមានអាយុក្រោម៤០ឆ្នាំនោះទេ។

ស្ត្រីដែលមានគ្រួសារសាច់ជិតមានប្រវត្តិជំងឺមហារីកដោះ អាចទទួលការថតពិនិត្យដោះរៀងរាល់ឆ្នាំ ចាប់ពីអាយុ៤០ឆ្នាំឡើងទៅ។

ដើម្បីទទួលព័ត៌មានអំពីការថតពិនិត្យសម្រាប់ក្រុមអាយុផ្សេងៗទៀត និងព័ត៌មានសម្រាប់ស្ត្រីដែលមានគ្រួសារសាច់ជិតមានប្រវត្តិជំងឺមហារីកដោះ សូមចុច ត្រង់នេះ

តើ BreastScreen SA ស័ក្ដិសមនឹងអ្នកឬទេ?

ស្ត្រីខ្លះអាចត្រូវការការថែទាំ និងសេវាកម្មផ្សេងៗគ្នាដែលមិនមែនជាផ្នែកនៃការថតពិនិត្យ។

អ្នកទាំងនេះរួមមានស្ត្រីដែល៖

  • មានរោគសញ្ញានៅដោះ (ដូចជាមានដុំពក ការហូរចេញទឹករំអិលពីក្បាលដោះ ឬការប្រែប្រួលនៅក្នុងដោះរបស់ពួកគេ)
  • មានប្រវត្តិជំងឺមហារីកដោះ ​ និង/ឬ ជំងឺមហារីកអូវែរ នៅក្នុងគ្រួសារ​សាច់ជិត
  • មានការធ្វើរោគវិនិច្ឆ័យឃើញជំងឺមហារីកដោះពីពេលមុន ក្នុងអំឡុងពេល៥ឆ្នាំចុងក្រោយ
  • ចលនារាងកាយផ្នែកខាងលើមានលក្ខណៈរឹតត្បិត ឬមានការពិបាកក្នុងការទ្រទ្រង់ទម្ងន់ខ្លួនឯង។

សូមនិយាយជាមួយវេជ្ជបណ្ឌិតរបស់អ្នក ឬទូរស័ព្ទទៅ BreastScreen SA លេខ 13 20 50 ដើម្បីឱ្យប្រាកដថាអ្នកទទួលបានការថែទាំ និងសេវាកម្មដែលសមស្របបំផុតសម្រាប់អ្នក។

តើខ្ញុំត្រូវណាត់ជួបសម្រាប់ការថតពិនិត្យដោះនៅកន្លែងណា?

BreastScreen SA មានគ្លីនិកជាប់លាប់ចំនួន៨នៅក្នុងតំបន់ជុំវិញជាយក្រុងអាដឺឡែត និងអង្គភាពចល័តចំនួន៣ ផ្នែកថតពិនិត្យដែលធ្វើដំណើរទៅតំបន់ជនបទ ទីដាច់ស្រយាល តំបន់ក្រៅទីក្រុង ហើយនិងតំបន់ជុំវិញក្រុងខ្លះទៀត ជារៀងរាល់២ឆ្នាំម្ដង។ ទីតាំងគ្លីនិកជាប់លាប់របស់យើងមានសរសេរចុះនៅផ្នែកខាងក្រោយនៃកូនសៀវភៅនេះ ហើយបញ្ជីទីតាំងធំទូលាយអាចរកឃើញនៅលើវ៉ិបសៃថ៍របស់យើងនៅ ត្រង់នេះ​​ ។


តើខ្ញុំធ្វើការណាត់ជួបជាមួយ BreastScreen SA យ៉ាងដូចម្តេចទៅ?

ដើម្បីធ្វើការណាត់ជួប អ្នកអាចទូរស័ព្ទមក BreastScreen SA តាមលេខ 13 20 50 នៅចន្លោះម៉ោង៨.៣០ព្រឹក និងម៉ោង៥ល្ងាច។ សូមកត់សម្គាល់ថា យើងចាំបាច់ត្រូវសួរសំណួរអ្នកមួយចំនួនអំពីសុខភាពផ្ទាល់ខ្លួនរបស់អ្នកនៅពេលអ្នកធ្វើការណាត់ជួប ដូច្នេះសូមប្រាកដថា អ្នកមានពេល ហើយស្ថិតនៅកន្លែងដែលអ្នកអាចរក្សាភាពសម្ងាត់របស់អ្នកដើម្បីឆ្លើយសំណួរទាំងនោះ ពេលអ្នកទូរស័ព្ទមកយើង។

វិធីម្យ៉ាងទៀត អ្នកអាច ធ្វើ​ការណាត់ជួបនៅទីនេះ

តើនឹងមានអ្វីកើតឡើងនៅថ្ងៃណាត់ជួបរបស់ខ្ញុំ?

សូមអញ្ជើញមកមុនការណាត់ជួបរបស់អ្នក១០នាទី ដើម្បីឱ្យអ្នកមានពេលច្រើនក្នុងការបំពេញទម្រង់បែបបទយល់ព្រម និងសួរសំណួរ។ សូមកុំភ្លេចយកប័ណ្ណមេឌីឃែររបស់អ្នកមកជាមួយផង។

អ្នកទទួលភ្ញៀវដ៏រាក់ទាក់របស់យើងម្នាក់នឹងធ្វើការ​ពិនិត្យមើលឈ្មោះពេញរបស់អ្នក ថ្ងៃខែឆ្នាំកំណើត និងអាសយដ្ឋានលម្អិតជាមួយអ្នក ដើម្បីឱ្យច្បាស់ប្រាកដថាព័ត៌មានទាំងនោះត្រឹមត្រូវ ហើយថាយើងនឹងធ្វើការថតពិនិត្យមនុស្សដែលត្រូវ​ថត។ អ្នកឯកទេសថតកាំរស្មីអិក្សភេទស្រីម្នាក់ នឹងនាំអ្នកទៅកាន់បន្ទប់ថតពិនិត្យ ហើយអ្នកនឹងត្រូវដោះអាវចេញចាប់ពីចង្កេះឡើងលើ។ អ្នកអាចទាញក្តោបអាវ ឬប្រើអាវរងាររបស់អ្នក គ្របពីលើស្មារបស់អ្នក ប្រសិនបើអ្នកចង់ ឬអាវវែងពាក់រួចបោះចោលក៏មានផ្តល់ជូនតាមការស្នើសុំផងដែរ។

ពេលណាអ្នកត្រៀមខ្លួនរួចរាល់ អ្នកឯកទេស​ថតកាំរស្មីអិក្សនឹងដាក់ដោះមួយម្តងនៅលើបន្ទះម៉ាស៊ីនថតពិនិត្យដោះដោយប្រើកម្មរស្មីអិក្ស។ ម៉ាស៊ីននោះនឹងសង្កត់ផ្អឹបយ៉ាងណែនពីលើដោះរបស់អ្នករយៈពេល១០-១៥វិនាទី ដើម្បីថតយករូបភាព។ តាមធម្មតា គេថតយករូបភាពពីរចេញពីដោះនីមួយៗ គឺមួយត្រូវថតផ្នែកខាងលើដោះ និងមួយទៀតពីចំហៀងដោះ។ ស្ត្រីដែលមានដោះធំ អាចត្រូវការថតយករូបភាពបន្ថែម ដើម្បីធានាឱ្យឃើញគ្រប់ជាលិកាដោះទាំងអស់។ នៅពេលបានថតរូបភាពអស់ហើយ អ្នកនឹងអាចពាក់អាវឡើងវិញ ហើយការណាត់ជួបរបស់អ្នកនឹងត្រូវបានបញ្ចប់។

ពុំមានការពិនិត្យ​វិភាគលើរូបភាពរបស់អ្នកនៅពេលណាត់ជួបនោះទេ។ អ្នកឯកទេសថតកាំរស្មីអិក្សរបស់អ្នក​ដែលចាត់ចែងការថតពិនិត្យដោះដោយប្រើកាំរស្មីអិក្ស នឹងពិនិត្យមើលរូបភាពរបស់អ្នកសម្រាប់គុណភាព បច្ចេកទេស។ បន្ទាប់មក គេនឹងបញ្ជូនរូបភាពរបស់អ្នកទៅអង្គភាពសម្របសម្រួលប្រចាំរដ្ឋរបស់យើងនៅក្រុងអាដឺឡែត ដែលនឹងត្រូវវិភាគដោយអ្នកឯកទេសផ្នែកកាំរស្មីអិក្សយ៉ាងតិចណាស់ពីរនាក់។

តើការថតពិនិត្យដោះឈឺចាប់ឬទេ?

ស្ត្រីជាច្រើនបារម្ភថាការថតពិនិត្យដោះនឹងមានការឈឺចាប់។ ការពិត គឺស្ត្រីម្នាក់​ៗ មានលក្ខណៈខុសពីគ្នា។ អ្នកខ្លះនិយាយថាមិនសូវស្រួល អ្នកខ្លះទៀត និយាយថាមានការឈឺបន្តិចបន្តួច ហើយស្រ្តីខ្លះទៀតនិយាយថាអត់មានអីទាល់តែសោះ។ ប្រសិនបើអ្នកមានអារម្មណ៍ថាមិនសូវស្រួល គឺវាគ្រាន់តែមានរយៈពេលតែពីរបីវិនាទីប៉ុណ្ណោះ។ នេះគឺដោយសារតែដោះរបស់អ្នកចាំបាច់ត្រូវមានការសង្កត់ផ្អឹបណែនជាប់នឹងម៉ាស៊ីនកាំរស្មីអិក្ស ដើម្បីឱ្យគេអាចថតយករូបភាពឱ្យបានច្បាស់។ ប្រសិនបើអ្នកមានអារម្មណ៍ថាឈឺពេក អ្នកអាចបញ្ឈប់ការថតនេះនៅពេលណាក៏បានដែរ។ សូមនិយាយជាមួយអ្នកឯកទេសថតកាំរស្មីអិក្សក្នុងអំឡុងពេលណាត់ជួបរបស់អ្នក ប្រសិនបើអ្នកមានការព្រួយបារម្ភ។

តើមានហានិភ័យពីវិទ្យុសកម្មឬទេ?

រាល់ពេលដែលអ្នកឱ្យគេថតពិនិត្យដោះដោយប្រើកាំរស្មីអិក្ស អ្នកត្រូវប្រឈមនឹងវិទ្យុសកម្មក្នុងកម្រិតតិចតួចបំផុត។ ម៉ាស៊ីនថតពិនិត្យដោះប្រើកាំរស្មីអិក្សកម្រិតតិចបំផុតនៃវិទ្យុសកម្មដែលអាចធ្វើទៅបាន ដើម្បីថតយករូបភាពប្រកបដោយគុណភាពខ្ពស់។ កម្រិតវិទ្យុសកម្មគឺប្រហាក់ប្រហែលនឹងកាំរស្មីអិក្សធម្មតាជាច្រើនដែលគេប្រើដើម្បីថតមនុស្ស ហើយត្រូវបានកំណត់ឱ្យមានកម្រិតតិចបំផុតបន្ថែមទៀតដោយការសង្កត់ដោះឱ្យណែន។ ការស្រាវជ្រាវបង្ហាញថាអត្ថប្រយោជន៍នៃការថតពិនិត្យជំងឺមហារីកដោះ មានច្រើនជាងហានិភ័យពីវិទ្យុសកម្ម។

តើគេសម្រេចលទ្ធផលរបស់ខ្ញុំដោយរបៀបណា?

ក្រោយពីការថតពិនិត្យដោះរបស់អ្នកហើយ រូបភាពរបស់អ្នកនឹងត្រូវបានវិភាគដោយអ្នកឯកទេសផ្នែកកាំរស្មីអិក្សឯករាជ្យយ៉ាងតិចណាស់ពីរនាក់។ អាស្រ័យទៅលើការរកឃើញរបស់ពួកគេ អ្នកនឹងទទួលបានលទ្ធផលមួយក្នុងចំណោម​លទ្ធផល​ពីរ គឺ ‘មិនមានភស្ដុតាងនៃជំងឺមហារីកដោះទេ’ ឬក៏ ‘ត្រូវបានគេហៅមកវិញដើម្បីធ្វើតេស្តបន្ថែមទៀត’។

ជា​ធម្មតា អ្នកនិងវេជ្ជបណ្ឌិតដែលអ្នកបានជ្រើសរើសនឹងទទួលលទ្ធផលតាមរយៈប្រៃសណីយ៍ក្នុងរយៈពេល១៤ថ្ងៃនៃការណាត់ជួបរបស់អ្នក។ ដោយសារការធ្វើតេស្តនេះរកមើលតែជំងឺមហារីកដោះ ដូច្នេះការប្រែប្រួលណាមួយដែលមិនមែនជាជំងឺមហារីក (ឬដុំពកធម្មតា) នឹងពុំមានរៀបរាប់នៅក្នុង​លទ្ធផលនោះ​ឡើយ។

ចុះប្រសិនបើខ្ញុំចាំបាច់ត្រូវធ្វើតេស្តបន្ថែមទៀត?

ប្រហែលជា៥ភាគរយនៃស្ត្រីដែលបានថតពិនិត្យ នឹងត្រូវបានស្នើសុំឱ្យត្រឡប់ទៅ BreastScreen SA វិញដើម្បីការធ្វើតេស្តបន្ថែមទៀត។ នេះមិនមានន័យថាអ្នកមានជំងឺមហារីកដោះទេ ក៏ប៉ុន្តែពេលខ្លះចាំបាច់ត្រូវធ្វើតេស្តបន្ថែមទៀតដើម្បីបញ្ជាក់ឱ្យបានច្បាស់ប្រាកដ។ រឿងនេះ កើតឡើងជាញឹកញាប់ចំពោះស្ត្រីដែលមានការថតពិនិត្យដោះជាលើកដំបូងរបស់ពួកគេ ដោយហេតុតែមិនមានរូបភាពដោះថតដោយប្រើកាំរស្មីអិក្សពីគ្រាមុនៗដើម្បីធ្វើការប្រៀបធៀប។ អ្វីៗដែលមើលទៅហាក់ដូចជាមិនធម្មតានៅលើរូបភាពដោះថតដោយប្រើកាំរស្មីអិក្សលើកដំបូងរបស់អ្នក អាចជារឿងធម្មតាទាំងស្រុង។

ស្ត្រីត្រូវបានគេអញ្ជើញឱ្យត្រឡប់ទៅគ្លីនិកវាយតម្លៃដែលមានការតាំងចិត្តខ្ពស់របស់យើងនៅអាដឺឡែត ដែលពួកគេនឹងត្រូវធ្វើតេស្តមួយចំនួន រួមមាន ការថតពិនិត្យដោះដោយប្រើកាំរស្មីអិក្សជាលម្អិតថែមទៀត ការធ្វើអេកូ (អ៊ុលត្រាសោន) ការពិនិត្យដោះនៅគ្លីនិក ហើយក្នុងករណីខ្លះអាចមានការកាត់យកជាលិកាបន្តិចដើម្បីយកទៅវិភាគ ។ នេះអាចជាបទពិសោធន៍ដែលគួរឱ្យព្រួយបារម្ភ ហើយក្រុមឯកទេសសុខភាពរបស់យើងនឹងធានាថាអ្នកមានផាសុកភាពតាមដែលអាចធ្វើទៅបាន ក្នុងអំឡុងពេលដែលអ្នកមកឱ្យគេពិនិត្យ។

ស្ត្រីភាគច្រើនដែលបានធ្វើតេស្តបន្ថែមទៀត បានទទួលការពង្រឹងទំនុកចិត្តថាពួកគេមិនមានជំងឺមហារីកដោះទេ។ ក្រោយមក ក៏មានការអញ្ជើញឱ្យពួកគេទៅថតពិនិត្យដោះនៅគ្រាបន្ទាប់របស់ពួកគេ នៅពេលដល់កំណត់ដែលត្រូវធ្វើ។

ចុះប្រសិនបើខ្ញុំមានជំងឺមហារីកដោះ?

បន្ទាប់ពីការណាត់ជួបគ្លីនិកវាយតម្លៃ​ដើម្បីធ្វើរោគវិនិច្ឆ័យ ស្រ្តីមួយចំនួនតូច (តិចជាង១ភាគរយ នៃស្ត្រីរដ្ឋអូស្ត្រាលីខាងត្បូងដែលបានថតពិនិត្យ) នឹងទទួលលទ្ធផលថាមានជំងឺមហារីកដោះ ។ ក្រុមអ្នកឯកទេសផ្នែកសុខភាពរបស់យើង នឹងធ្វើការណែនាំអ្នកនូវដំណើរការនេះ ហើយពន្យល់ពីអ្វីដែលនឹងកើតឡើងបន្ទាប់ទៀត។

ទោះបីជា​ BreastScreen SA មិនព្យាបាលស្ត្រីដែលកើតជំងឺមហារីកដោះក្ដី​ ក៏យើងនឹងជួយអ្នករៀបចំតម្រូវការថែទាំនាពេលអនាគតរបស់អ្នកដែរ ដោយទាក់ទងវេជ្ជបណ្ឌិតរបស់អ្នក។ វេជ្ជបណ្ឌិតរបស់អ្នកនឹងពិភាក្សាជាមួយអ្នក​អំពីការបញ្ជូនអ្នក​ឱ្យទៅជួ​បពេទ្យ​ឯកទេស ការព្យាបាល និងជម្រើសនៃការពិនិត្យព្យាបាលថែទាំជាបន្តបន្ទាប់​របស់អ្នក។

សម្រាប់ព័ត៌មានបន្ថែមអំពីជំងឺមហារីកដោះ អ្នកអាចចូលមើលវ៉ិបសៃថ៍របស់ Cancer Australia (ជំងឺមហារីក អូស្ត្រាលី)។

តើមានកត្តាហានិភ័យអ្វីខ្លះ សម្រាប់ការកើតមានជំងឺមហារីកដោះ?

មានកត្តាមួយចំនួនដែលអាចបង្កើនហានិភ័យផ្ទាល់ខ្លួនរបស់អ្នកក្នុងការកើតជំងឺមហារីកដោះ។ ទាំងនេះរួមមានកត្តាផ្ទាល់ខ្លួនដូចជាភេទជាស្ត្រី​ អាយុរបស់អ្នក ប្រសិនបើអ្នកបានធ្វើរោគវិនិច្ឆ័យឃើញមានជំងឺមហារីកដោះពីមុន ដង់ស៊ីតេដោះនីមួយៗរបស់អ្នក និងប្រវត្តិជំងឺ​នៃក្រុមគ្រួសាររបស់អ្នក។ កត្តាផ្សេងទៀតគឺជាកត្តានៃរបៀបរស់នៅ ដូចជារបបអាហាររបស់អ្នក តើអ្នកហាត់ប្រាណញឹកញាប់ប៉ុនណា តើអ្នកជក់បារី ឬពិសាស្រាជាប្រចាំ ឬអត់។ ប្រសិនបើអ្នកចង់វាយតម្លៃពីហានិភ័យរបស់អ្នក អ្នកអាចនិយាយជាមួយវេជ្ជបណ្ឌិតរបស់អ្នក ឬប្រើបញ្ជីសំណួរតាមអនឡាញខាងក្រោម នេះនៅត្រង់ www.breastcancerrisk.canceraustralia.gov.au.។

តើដង់ស៊ីតេដោះជាអ្វី?

ដោះរបស់ស្ត្រីផ្សំឡើងដោយជាលិកាខ្លាញ់ និងជាលិកានៃជាលិកាសរសៃ(មិនមែនខ្លាញ់)។ នៅលើរូបភាពដោះថតដោយប្រើកាំរស្មីអិក្ស ជាលិកាខ្លាញ់លេចឡើងជាពណ៌ខ្មៅ ចំណែកឯជាលិកាដោះដទៃទៀតលេចឡើងជាពណ៌ស ឬ ‘ណែន’។ បរិមាណប្រៀបធៀបគ្នានៃជាលិកាសរសៃ (តំបន់ពណ៌ស) នៅលើរូបភាពដោះថតដោយប្រើកាំរស្មីអិក្ស ត្រូវបានគេហៅថាដង់ស៊ីតេដោះ។

ដោយសារជំងឺមហារីកដោះក៏លេចឡើងជាតំបន់ពណ៌សនៅលើរូបភាពដោះថតដោយការប្រើកាំរស្មីអិក្សដែរ ដែលញ៉ាំងឱ្យដង់ស៊ីតេដោះឡើងខ្ពស់ បណ្ដាលឱ្យប៉ះពាល់ដល់ប្រសិទ្ធភាព​នៃការថតពិនិត្យដោះប្រើកាំរស្មីអិក្ស​ក្នុងការបែងចែកញែកបង្ហាញ​ឱ្យជាក់ច្បាស់។ ទោះបីជាយ៉ាងណាក៏ដោយ ក៏ការថតពិនិត្យដោះដោយប្រើកាំរស្មីអិក្ស នៅតែជាការធ្វើតេស្តថតពិនិត្យជំងឺមហារីកដោះល្អជាងគេដោយផ្អែកទៅលើចំនួនប្រជាជនសម្រាប់ស្ត្រីដែលមានអាយុពី៥០ ទៅ៧៤ឆ្នាំ រួមទាំងអ្នកដែលមានដោះណែនផងដែរ។

ដោះណែនគឺមានជាទូទៅ ហើយកើតមានឡើងជាធម្មតា​ចំពោះស្ត្រីប្រមាណជា៤០ភាគរយដែលមានអាយុលើសពី៤០ឆ្នាំ។

ដង់ស៊ីតេដោះរបស់អ្នក នឹងមានរាយការណ៍នៅក្នុងលទ្ធផលនៃការថតពិនិត្យដោះរបស់អ្នក។

ព័ត៌មានបន្ថែមទៀតអំពីដង់ស៊ីតេដោះ អាចរកបាននៅលើវ៉ិបសៃថ៍របស់យើង។

តើការថតពិនិត្យដោះជាទៀងទាត់មានអត្ថប្រយោជន៍អ្វីខ្លះ?

ការរកឃើញជំងឺមហារីកដោះនៅដំណាក់កាលដំបូង

នៅឆ្នាំ២០០៨ ការស្រាវជ្រាវក្នុងតំបន់បានរកឃើញថា ស្ត្រីក្នុងរដ្ឋអូស្ត្រាលីខាងត្បូងដែលមានអាយុពី៥០ ទៅ៦៩ឆ្នាំ ដែលទៅថតពិនិត្យដោះរៀងរាល់២ឆ្នាំម្ដង បានកាត់បន្ថយឱកាសនៃការស្លាប់ដោយសារជំងឺមហារីកដោះរហូតដល់ទៅ៤១ភាគរយ។*

ការព្យាបាលដែលពុំសូវទាក់ទងនឹងការវះកាត់

ចំពោះស្ត្រី១០០០នាក់ដែលបានថតពិនិត្យដោះ មានតែ៦នាក់ប៉ុណ្ណោះនឹងត្រូវបានរកឃើញថាមានជំងឺមហារីកដោះ។ ជំងឺមហារីកដោះដែលត្រូវបានរកឃើញតាមរយៈ BreastScreen SA ជាទូទៅមានទំហំតូចជាងធម្មតា ធ្វើឱ្យវាកាន់តែសាមញ្ញ និងងាយស្រួលដើម្បីព្យាបាល។ លទ្ធផលសុខភាពទូទៅរបស់ស្ត្រីក៏បានប្រសើរឡើងដែរ។

ការជឿជាក់ក្នុងចិត្ត

ស្ត្រីភាគច្រើនដែលបានទៅថតពិនិត្យដោះ នឹងទទួលលទ្ធផល ‘មិនមានភស្ដុតាងនៃជំងឺមហារីកដោះ’ ហើយមានអារម្មណ៍ជឿជាក់ក្នុងចិត្តថាពួកគេបានចាត់វិធានការមើលថែសុខភាពដោះរបស់ខ្លួន។

តើការថតពិនិត្យដោះមានដែនកំណត់ និងហានិភ័យអ្វីខ្លះ?

ទោះជាការថតពិនិត្យដោះដោយប្រើកាំរស្មីអិក្ស ជាវិធីដែលមានប្រសិទ្ធិភាពបំផុតនៃការថតពិនិត្យរកជំងឺមហារីកដោះក្ដី ក៏វិធីនេះ​មានដែនកំណត់ដែលអ្នកចាំបាច់ត្រូវដឹងផងដែរ។

មានវត្តមាននៃជំងឺមហារីកដោះ ប៉ុន្តែរកមិនឃើញ

ការថតពិនិត្យដោះដោយប្រើកាំរស្មីអិក្ស នឹងរកមិនឃើញនូវជំងឺមហារីកដោះទាំងអស់នោះទេ។ ជំងឺមហារីកមួយចំនួនគឺមិនអាចមើលឃើញនៅលើរូបភាពនៃការថតពិនិត្យដោះដោយប្រើកាំរស្មីអិក្សនោះទេ ឬជំងឺនេះ​អាចកើតឡើងក្នុងអំឡុងពេលថតពិនិត្យដោះដោយប្រើកាំរស្មីអិក្សក៏អាចថាបាន។ មានឱកាសតិចណាស់ដែលជំងឺមហារីកអាចគេចពីការរកឃើញតាមរយៈការថតពិនិត្យដោះដោយប្រើកាំរស្មីអិក្ស។ ហេតុការណ៍នេះអាចនាំឱ្យមានការធ្វើរោគវិនិច្ឆ័យឃើញ​ជំងឺមហារីកដោះដំណាក់កាលក្រោយមកទៀត។

ស្ត្រីតិចជាង១នាក់ ក្នុងចំណោម១០០០នាក់ដែលមានអាយុពី៥០ ទៅ៧៤ឆ្នាំ នឹងត្រូវបានរកឃើញថាមានជំងឺមហារីកដោះក្នុងរយៈពេល ១២ខែបន្ទាប់ពីការថតពិនិត្យដោះរបស់ពួកគេរួច។

កត្តាផ្សេងៗទៀតដែលរួមចំណែកដល់ប្រសិទ្ធភាពនៃការថតពិនិត្យដោះដោយប្រើកាំរស្មីអិក្ស អាចរួមមានអាយុរបស់ស្ត្រី និងដង់ស៊ីតេដោះនីមួយៗរបស់ស្ត្រី។

រកឃើញជំងឺមហារីកដោះ តែការព្យាបាលគឺមិនចាំបាច់ (ការធ្វើរោគវិនិច្ឆ័យហួសកម្រិត)

ការថតពិនិត្យដោះក៏អាចរកឃើញជំងឺមហារីកដោះ ដែលពុំមានសក្តានុពលក្នុងការគំរាមកំហែងដល់អាយុជីវិតឡើយ។ នេះមានន័យថាស្ត្រីអាចជ្រើសរើសការព្យាបាលជំងឺមហារីកដែលអាចមិនបង្កគ្រោះថ្នាក់ដល់ នាង។ យ៉ាងណាមិញ ការព្យាបាលវា អាចបង្កគ្រោះថ្នាក់ដល់នាងវិញទេ។

គេមិនអាចប្រាប់ឱ្យដឹងច្បាស់នៅឡើយទេថាតើជំងឺមហារីកដោះមួយណាអាចនឹងគំរាមកំហែងដល់អាយុជីវិត ហើយមួយណាមិនអាចគំរាមកំហែងដល់អាយុជីវិត។

បានធ្វើតេស្តបន្ថែមទៀតហើយ ប៉ុន្តែមិនបានរកឃើញជំងឺមហារីកដោះទេ

ប្រសិនបើមានការរកឃើញ​នូវ​ផ្នែកដែលនាំឱ្យព្រួយបារម្ភ ឬក៏មានការរកឃើញនូវភាពប្រែប្រួលណាមួយនៅក្នុងជាលិកាដោះរបស់អ្នកតាមរយៈការថតពិនិត្យដោះដោយប្រើកាំរស្មីអិក្ស គេនឹងអញ្ជើញអ្នកឱ្យត្រឡប់ទៅគ្លីនិកវាយតម្លៃរបស់ BreastScreen SA វិញនៅក្រុងអាដឺឡែត ដើម្បីធ្វើតេស្តបន្ថែមទៀត។ ការធ្វើតេស្តទាំងនេះអាចរួមមានការថតពិនិត្យដោះដោយប្រើកាំរស្មីអិក្សបន្ថែមទៀត ការធ្វើអេកូ (អ៊ុលត្រាសោន) ហើយអាចមានការពិនិត្យដោះនៅគ្លីនិក ឬការកាត់យកជាលិកាបន្តិចដើម្បីយកទៅវិភាគ (ការធ្វើកោសល្យវិច័យ)។ ទោះជាពេលនេះអាចជាពេលគួរឱ្យថប់បារម្ភសម្រាប់ស្ត្រីក្ដី ក៏ស្ត្រីភាគច្រើននឹងត្រូវបានពង្រឹងទំនុកចិត្តថាពួកគេមិនមានជំងឺមហារីកដោះនោះទេ។

ហេតុអ្វីបានជាការយល់ដឹងអំពីដោះមានសារៈសំខាន់?

ទោះបីជាអ្នកមានការថតពិនិត្យដោះរៀងរាល់ពីរឆ្នាំក៏ដោយ ក៏ការយល់ដឹងអំពីដោះជា​រឿង​សំខាន់​ ពីព្រោះជំងឺមហារីកដោះអាចកើតមានឡើងគ្រប់ពេល។ នេះរាប់បញ្ចូលទាំងពេលវេលានៅចន្លោះពេលណាត់ជួបសម្រាប់ការថតពិនិត្យ។

ការយល់ដឹងអំពីរូបរាងទ្រង់ទ្រាយ​ដោះ និងស្ថានភាពដោះរបស់អ្នក​គឺជា​រឿងសំខាន់។ អ្វីដែលអ្នកគួរស្វែងរក រួមមាន៖

  • ដុំពកថ្មី ឬភាពឡើងពកក្នុងដោះរបស់អ្នក ជាពិសេសប្រសិនបើវាកើតមាននៅក្នុងដោះតែម្ខាង
  • មានការប្រែប្រួលទំហំ ហើយរូបរាងទ្រង់ទ្រាយដោះរបស់អ្នក
  • មានការប្រែប្រួលនៅក្បាលដោះ ដូចជាឡើងក្រៀម មានដំបៅ ឡើងក្រហម ឬក្បាលដោះលឹបចូលក្នុង
  • ការហូរចេញទឹករំអិលពីក្បាលដោះរបស់អ្នក ដែលកើតឡើងដោយមិនបាច់ច្របាច់ក្បាលដោះ
  • មានការប្រែប្រួលនៅលើស្បែកដោះរបស់អ្នក ដូចជាឡើងក្រហម ឬស្រអាប់ ឬស្បែកដោះជ្រួញផតចូលក្នុង
  • ការឈឺចាប់ដែលមិនបាត់ទៅវិញ។

ការប្រែប្រួលដោះភាគច្រើននឹងមិនបណ្តាលមកពីជំងឺមហារីកដោះទេ ក៏ប៉ុន្តែអ្នកគួរតែឱ្យវេជ្ជបណ្ឌិតពិនិត្យដើម្បីឱ្យបានច្បាស់ប្រាកដ។ ប្រសិនបើអ្នកកត់សម្គាល់ការប្រែប្រួលរូបរាង ឬក៏ស្ថានភាពដោះរបស់អ្នក ទោះបីជាការថតពិនិត្យដោះដោយប្រើកាំរស្មីអិក្សចុងក្រោយរបស់អ្នកមានលក្ខណៈធម្មតាក្ដី ក៏សូមទៅជួបវេជ្ជបណ្ឌិតរបស់អ្នកដោយកុំបង្អង់យូរ។

ដំបូន្មានដ៏មានប្រយោជន៍ដែលងាយអនុវត្ត ដើម្បីធ្វើឱ្យការទៅថតពិនិត្យរបស់អ្នកមានភាពកាន់តែងាយស្រួល

សូមកុំប្រើម្សៅហុយលាបខ្លួន ឬថ្នាំបំបាត់ក្លិនអាក្រក់នៅថ្ងៃណាត់ជួបរបស់អ្នក ពីព្រោះវាអាចប៉ះពាល់ការថតពិនិត្យដោះរបស់អ្នក។

  • ពាក់សម្លៀកបំពាក់ពីរផ្នែកដាច់ពីគ្នា ពីព្រោះអ្នកនឹងត្រូវគេស្នើសុំឱ្យដោះអាវ និងអាវទ្រនាប់របស់អ្នកចេញនៅពេលថតពិនិត្យដោះ។
  • សូមកុំភ្លេចយកប័ណ្ណមេឌីឃែររបស់អ្នកមកជាមួយពេលទៅជួបការណាត់របស់អ្នក ព្រមទាំងទម្រង់បែបបទយល់ព្រមរបស់អ្នក​ដែលបានបំពេញ និងចុះហត្ថលេខា​រួចស្រាប់​។
  • សូមអញ្ជើញមកមុនការណាត់ជួបរបស់អ្នកឱ្យបាន១០នាទី ដើម្បីឱ្យយើងអាចចាត់ចែងក្រដាសស្នាមរបស់អ្នក។
  • ប្រសិនបើអ្នកមានការថតពិនិត្យដោះដោយប្រើកាំរស្មីអិក្សនៅកន្លែងផ្សេងទៀត សូមឱ្យបុគ្គលិកយើងបានដឹងនៅពេលអ្នកធ្វើការណាត់​ជួប។
  • បើអ្នកមានសំណួរអ្វីមួយ សូមសាកសួរបុគ្គលិកដ៏រាក់ទាក់របស់យើង។

តំណភ្ជាប់វ៉ិបសៃថ៍ដែលមានប្រយោជន៍ ឯកសារយោង និងឯកសារសម្រាប់អានបន្ថែមទៀត

Cancer Australia (ជំងឺមហារីក អូស្ត្រាលី)

www.canceraustralia.gov.au

Breast cancer risk calculator (ម៉ាស៊ីនគណនាហានិភ័យនៃជំងឺមហារីកដោះ)

breastcancerrisk.canceraustralia.gov.au

Australian Institute of Health and Welfare (វិទ្យាស្ថានសុខភាព និងសុខុមាលភាពអូស្ត្រាលី)

www.aihw.gov.au

របៀបធ្វើការណាត់ជួប

ទូរស័ព្ទលេខ 13 20 50ធ្វើ​ការណាត់ជួបនៅទីនេះ

ឥតចាំបាច់ត្រូវការការបញ្ជូនពីវេជ្ជបណ្ឌិតទេ។

មានសេវាកម្មអ្នកបកប្រែភាសាដោយឥតគិតថ្លៃ ហើយមានផ្លូវចេញចូលសម្រាប់រទេះរុញមនុស្សពិការ។

ទីតាំងគ្លីនិករបស់ BreastScreen SA

អង្គភាពថតពិនិត្យចល័ត

អង្គភាពថតពិនិត្យចល័តបីរបស់យើងធ្វើដំណើរទៅតំបន់ជនបទ ទីដាច់ស្រយាល តំបន់ជាយក្រុង និងតំបន់ក្រៅទីក្រុងរៀងរាល់២ឆ្នាំម្ដង។ សូមបើកចូលទៅវ៉ិបសៃថ៍របស់យើងដើម្បីមើលទីតាំង និងព័ត៌មានលម្អិតអំពីការធ្វើដំណើរ។